អត្ថបទផ្សេងទៀតៈ

Tuesday, October 1, 2013

ចាប់ផ្ដើម​រៀន​រចនា​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ជាមួយ​ប្លក​អាក្បាលធំ

 ប្រភពៈ អាក្បាលធំ
សួស្ដី​ប្រិយមិត្ត​ទាំងអស់គ្នា! ​តើ​លោកអ្នក​ចង់​ចេះ​ធ្វើ​ពុម្ព​អក្សរ​​យូនីកូដ​ខ្មែរ​​ដែរ​ឬ​ទេ? ខ្ញុំ​ជឿ​ថា​ចំពោះ​បងប្អូន​ដែល​ជា​អ្នក​ស្វែងយល់​ពី​អាយធី (IT) ប្រាកដ​ជា​ចង់​ដឹង​ខ្លាំង​​ហើយ​មើល​ទៅ​! ថា​តើ​គេ​ធ្វើ​ពុម្ព​អក្សរ​ខ្មែរ​​តាម​របៀប​ណា? ត្រូវ​ប្រើ​កម្មវិធី​អ្វី? និង​ត្រូវ​មាន​ចំណេះដឹង​អ្វី​ខ្លះ? ដើម្បី​អាច​ធ្វើ​ពុម្ព​អក្សរ​បាន​​។ ​​

អាក្បាលធំ ​​នឹង​សរសេរ​អត្ថបទ​បង្ហាញ​​ជា​លក្ខណៈ​បទពិសោធន៍​​ផ្ទាល់​ខ្លួន (​មិន​ផ្លូវ​ការ) ពី​របៀប​រចនា​​ធ្វើ​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​បាន​​ដោយ​ខ្លួន​ឯង ហើយ​ការ​ធ្វើ​​មិន​ពិបាក​អី​ទេ គ្រាន់តែ​ត្រូវ​ដឹង​ពី​ចំណុច​សំខាន់​មួយ​ចំនួន​តែប៉ុណ្ណោះ។

អារម្ភកថា​អាក្បាលធំ

ស្ដី​ពី

ពុម្ព​អក្សរ​ខ្មែរ

   តាំង​ពី​ស្រុក​ខ្មែរ​មាន​កុំព្យូទ័រ​ប្រើ​មួយៗ មាន​ពុម្ព​អក្សរ​ប្រើ​មិន​ផ្លូវការ (ពុម្ព​អក្សរ​ដែល​មិនមែន​ជា​យូនីកូដ​ខ្មែរ​​ស្តង់ដារ​ជាតិ) នា​ពេល​នោះ កន្លែង​ណា​ដែល​មាន​កុំព្យូទ័រ​ទទួល​វាយ​អត្ថបទ​​ (កាសែត) ប្រៀប​ដូចជា​​​មជ្ឈមណ្ឌល​ ​ផ្សព្វផ្សាយ​អក្សរ​ខ្មែរ​​អញ្ចឹង!  បើ​ចង់​បាន​អត្ថបទ​ដើម្បី​យក​ទៅ​​ធ្វើការ​ងារ​បោះពុម្ព​អី ត្រូវ​ទៅ​ជួល​ឲ្យ​គេ​វាយ​អត្ថបទ​ឲ្យ ដែល​មាន​តម្លៃ​ថ្លៃ ក្នុង​មួយ​ខែៗ​​គេ​អាច​រក​ចំណូល​ពី​ការ​វាយ​អត្ថបទ​បាន​ច្រើន​ណាស់។

   ចូល​មក​ដល់​សម័យ​សម្បូរ​កុំព្យូទ័រ​ប្រើប្រាស់​រៀងៗ​ខ្លួន​ហើយ​ក៏​ដោយ ​ក៏​នៅ​តែ​មិន​មាន​ពុម្ព​អក្សរ​ខ្មែរ​ប្រើ​គ្រប់គ្រាន់​នៅ​​ឡើយ​ទេ។ ហើយ​បញ្ហា​សំខាន់​នៃ​ពុម្ព​អក្សរ​អស់​ទាំង​នោះ គឺ​មាន​ក្ដារចុច​រៀងៗ​ខ្លួន​របស់​វា មូលហេតុ​អី? មក​ពី​អ្នក​បង្កើត​ពុម្ព​អក្សរ​​អស់​ទាំងនោះ គេ​បង្កើត​ដោយ​មិន​ឯកភាព​គ្នា គេ​នឹក​​ចង់​ដាក់​គ្រាប់ចុច​អី លើ​គ្រាប់​ចុច​ណា​​តាម​ចំណូល​ចិត្ត​របស់​គេ រហូត​មក​ដល់​ពេល​នេះ គេ​ឃើញ​មាន​តែ​ក្រុម​ពុម្ព​អក្សរ ABC និង​ Limon តែ​ពីរ​ក្រុម​នេះ​ទេ ដែល​ស្រួល​ប្រើ តែ​នៅ​តែ​មាន​​ក្ដារចុច​ប្រហាក់​ប្រហែល​គ្នា ខុស​គ្នា​ត្រង់​កន្លែង​ខ្លះ​ដែរ។

   គ្រាន់តែ​ខុស​គ្នា​ត្រង់​​ក្ដារចុច​មួយ​ពីរ​ចំណុច​សោះ​​ ធ្វើ​ឲ្យ​អ្នក​វាយ​អត្ថបទ​ត្រូវ​គិត​ឲ្យ​បាន​ច្បាស់​មុន​នឹង​សម្រេច​ចិត្ត​ យក​ក្រុម​អក្សរ ABC ឬ Limon យក​ប្រើ​ ព្រោះ​ថា​បើ​អ្នក​កំពុង​ប្រើ​ក្រុម​ពុម្ព ABC ជា​អត្ថបទ​ច្រើន អ្នក​មិន​ងាយ​នឹង​ដូរ​មក​ប្រើ​ជា Limon បាន​ទេ ព្រោះ​​​វា​មាន​ក្ដារ​ចុច​ខុស​គ្នា ដែល​ធ្វើ​ឲ្យ​អត្ថបទ​របស់​យើង​បង្ហាញ​ខុស​អក្សរ។ ឈប់​និយាយ​ពី​ពុម្ព​អក្សរ​ខ្មែរ​ដែល​មិន​ផ្លូវ​ការ​តែ​ត្រឹម​ប៉ុណ្ណេះ

   ចូល​មក​ដល់​សម័យ​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ ដែល​រដ្ឋាភិបាល​ប្រាស់​​ទទួល​ស្គាល់ អនុញ្ញាតិ​ឲ្យ​ប្រើប្រាស់​​ក្នុង​លិខិត​ស្នាម​​រដ្ឋ។ គេ​សង្កេត​ឃើញ​ថា មិន​ត្រឹមតែ​ខ្មែរ​យើង​មាន​ពុម្ព​អក្សរ​ដែល​ស្រួល​ប្រើ​នោះ​ទេ ហើយ​ថែម​ទាំង​មាន​ពុម្ព​អក្សរ​រូបរាង​ថ្មី​ៗ ដាក់​ចេញ​ឲ្យ​ប្រើ​ដោយ​មិន​គិត​ថ្លៃ​ទៀត​ផង។ ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា យើង​អាច​វាយ​អត្ថបទ​ដោយ​មិន​ខ្វល់​ពី​ការ​ ខុស​ក្ដារចុច​នោះ​ឡើង ទោះ​ពុម្ព​អក្សរ​នោះ​ជា​ស្នាដៃ​រចនា​ដោយ​នរណា​ក៏​ដោយ ព្រោះ​វា​មាន​ឈ្មោះ​របស់​គ្រាន់​អក្សរ​នោះ​​ជាក់លាក់ ដែល​មិន​អាច​កែប្រែ​បាន មាន​ន័យ​ថា ទោះជា​គេ​បង្កើត​ក្ដារចុច​ទៅ​តាម​ទីតាំង​ខុសៗ​គ្នា​យ៉ាង​ណា​ក៏​ដោយ ក៏​​គ្រាប់​​អក្សរ​​មិន​មាន​ការ​ផ្លាស់ប្ដូរ​ដែរ ព្រោះ​គ្រាប់​អក្សរ​នោះ​វា​មាន​ឈ្មោះ​របស់​វា។ ឧទាហរណ៍ "ក" ទោះ​បី​ជា​ដូរ​ដាក់​នៅ​លើ គ្រាប់​ចុច W ក៏​គេ​មិន​មាន​​ការ​ភ័យ​ខ្លាច​លោត​​ទៅ​បង្ហាញ​​អក្សរ​ផ្សេង នៅ​ពេល​ប្រើ​លើ​កុំព្យូទ័រ​​ដែល​មាន​ក្ដារ​ចុច​ផ្សេង​ដែរ។

   ​ការ​ជំរុញ​ពី​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ មាន​កម្លាំង​ធំធេង​ណាស់​ដូចជា គេហទំព័រ/ប្លក​ជា​ភាសា​ខ្មែរ​​ចាប់ផ្ដើម​ កកើត​យ៉ាង​លឿន ព្រោះ​យើង​មាន​ពុម្ព​អក្សរ​ដែល​អន្តរជាតិ​ទទួល​ស្គាល់ អាច​មើល​ឃើញ​ពុម្ព​អក្សរ​របស់​យើង។ កម្មវិធី​បកប្រែ​ដោយ​ស្វ័យប្រវត្ត (Google Translate) ចាប់​មាន​ជា​ភាសា​ខ្មែរ ដែល​អាច​ឲ្យ​ជន​បរទេស បក​ពី​ភាសា​ខ្មែរ​ទៅ​ជា​ភាសា​អង់គ្លេស​ឬ​ភាសា​ផ្សេងៗ​មាន​បាន​ (តែ​ក៏​នៅ​មាន​ចំណុច​ខ្វះ​ខាត​ច្រើន​ទៀត​សម្រាប់​អត្ថន័យ​របស់​អត្ថបទ)

៙ យើង​មាន​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ តែ​ខ្វះ​​អ្នក​​រចនា​​ម៉ូដ​​អក្សរ​​ ៖

   បើ​ទោះបី​ជា​មាន​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ដាក់​ឲ្យ​ប្រើ​ជាង 100 ​ម៉ូដ​ប្លែកៗ​ក៏​ដោយ ក៏​ខ្ញុំ​ជឿ​ថា​នៅ​តែ​​មិន​អាច​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ប្រើ​បាន ​ឡើយ។ អ្នក​ប្រើ​ការ​សាមញ្ញ​ប្រហែល​ជា​មិន​ខ្វះ​ទេ តែ​ចំពោះ​អ្នក​​រចនា​ដែល​ទាមទារ​នូវ​ពុម្ព​អក្សរ​ថ្មី ប្លែក ដែល​អ្នក​ផ្សេង​មិន​មាន​ប្រើ​គឺ​ជា​រឿង​​សំខាន់​បំផុត ដើម្បី​ទាក់ទាញ​ភ្នែក​អ្នក​មើល​ឲ្យ​គេ​ចង់​មើល​ បើ​ទោះ​ជា​គេ​មិន​ចង់​ដឹង​ពី​​ប្រធានបទ​​នៃ​ការ​ផ្សាយ​ក៏​ដោយ ក៏​គេ​នៅ​តែ​មើល​ដែរ ព្រោះ​គេ​ប្លែក​ភ្នែក​នឹង​ពុម្ព​អក្សរ​ខ្មែរ​ថ្មី ដែល​គេ​មិនដែល​បាន​ឃើញ​ពី​មុន​មក។ ចំពោះ​ក្រុមហ៊ុន​ធំៗ តែងតែ​ចង់​បាន​ពុម្ព​អក្សរ​ផ្ទាល់​ខ្លួន សម្រាប់​ធ្វើ​ជា​យីហោ ដែល​មិន​ចង់​ឲ្យ​គេ​មាន​ដូច​ខ្លួន​ឡើយ។

៙ តើ​មាន​អ្នក​ចេះ​ធ្វើ​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​​ខ្មែរ​ប៉ុន្មាន​អ្នក​ដែរ?

   ដោយសារ​តែ​រដ្ឋាភិបាល​មិន​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ប្រឡង​ប្រណាំង​ បញ្ចេញ​ស្នាដៃ​ខាង​វិស័យ​អាយធី​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ខ្មែរ​យើង​ទៅ​ណា​មួយ​រួច​។ អ្នក​ចេះ​មិន​មាន​ពេល​​គ្រប់គ្រាន់​ធ្វើ​អ្វី​ដែល​ខ្លួនឯង​ចូលចិត្ត​ទេ ព្រោះ​ត្រូវ​ធ្វើការ​ងារ​ដើម្បី​ចិញ្ចឹម​ជីវិត​ ហើយ​ណា​មិន​សូវ​មាន​អ្នក​ជួល​ឲ្យ​ធ្វើ​ទេ បើ​ធ្វើ​ដើម្បី​ចែក​គ្នា​ប្រើ ខ្ញុំ​ជឿ​ថា​អ្នក​ជំនាញ​គេ​មិន​ធ្វើ​ទេ នេះ​បាន​តែ​អ្នក​មិន​ដែល​ធ្វើ​ ឬ​អ្នក​ទើប​ចេះ​ធ្វើ​ទេ​ ដែល​គេ​ធ្វើ​ដើម្បី​បញ្ចេញ​​ស្នាដៃ​របស់​ពួក​​គេ។

* អ្នក​ដែល​ចេះ​ស្ទាត់​បើ​តាម​ខ្ញុំ​ដឹង​មាន​ដូចជា​ ៖
- លោក ដាញ់ ហុង (​អ្នក​បង្កើត​​​​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​)
- លោក ឡឹក​ ជំនោ (អ្នក​ជំនាញ​ឆ្លាក់​អក្សរ​ខ្មែរ)
- លោក ទេព សុវិចិត្រ
- លោក ទឹម បឿន
- លោក ម៉ៅ ពិសិដ្ឋ
- លោក Samady KS
- លោក Ang Rotanak

*អ្នក​ដែល​ខ្ញុំ​ដឹង​ថា​កំពុង​ស្រាវជ្រាវ​និង​​រៀន​ធ្វើ​ពុម្ព​អក្សរ​មាន​ដូចជា ៖
- សុច ប៊ុនលី (ធ្លាប់​ធ្វើ​បាន​កន្លង​មក) blog
- អ៊ុំ​ ច័ន្ទសានិត (ធ្លាប់​ធ្វើ​បាន​កន្លង​មក) blog
- និង​មាន​អ្នក​ផ្សេងៗ​ទៀត​ដែល​កំពុង​​រៀន​ធ្វើ​ដោយ​ខ្លួន​ឯង ដែល​ខ្ញុំ​មិន​ដឹង...។
តើ​យើង​ត្រូវមាន​មូលដ្ឋាន​គ្រឹះ​អ្វីខ្លះ ដើម្បី​អាច​ធ្វើ​ពុម្ព​អក្សរ​បាន?
  

No comments:

Post a Comment