ប្រភពៈ អាក្បាលធំ
1. ប្រើប្រាស់ភ្នែក ៖ ពេលដែលអ្នកធ្វើការឡើងនិយាយ ក្នុងចំណោមមនុស្សជាច្រើនអ្នកត្រូវប្រើប្រាស់នូវក្រសែភ្នែករបស់ អ្នកឲ្យបានល្អ ដោយសម្លឹងមើលទៅអ្នកគ្រប់គ្នាដោយសេចក្ដីគោរពនិងមានភាពសមរម្យ អ្នកត្រូវសម្លឹងឆ្ពោះទៅមុខត្រង់ហើយរេឆ្វេងស្ដាំក្នុងកម្រិត ២៥ដឺក្រេ។
2. កំណត់អំពីចំណុចសំខាន់ៗដែលអ្នកចង់និយាយ ៖ ពេលខ្លះអ្នកបាន ធ្វើការនិយាយនូវសម្ដីជាច្រើននៅក្នុងការនិយាយជាសាធារណៈ ប៉ុន្តែបែរជាគ្មានការចាប់អារម្មណ៍ពីអ្នកស្ដាប់ទៅវិញ ដូចនេះអ្នកត្រូវតែកំណត់ឲ្យបានច្បាស់ពីអ្វីដែលអ្នកត្រូវតែ និយាយ។ មានន័យថាគ្រប់ពាក្យសម្ដីរបស់អ្នក ដែលអ្នកនិយាយទៅហើយ ត្រូវតែមានប្រយោជន៍សម្រាប់អ្នកស្ដាប់អ្នកនិយាយ ។
3. និយាយឲ្យបានច្បាស់ ៖ ភាសា និង សំឡេងដែលអ្នកនិយាយ អ្នកត្រូវតែប្រាកដនៅក្នុងចិត្តថា វាមានភាពច្បាស់សមល្មមអាចទទួលយកបាន ធ្វើឲ្យគេអាចទទួល និងជ្រាបច្បាស់ពីអ្វីដែលយើងនិយាយ។ នៅពេលដែលអ្នកនិយាយនៅក្នុងចំណោមអ្នកចូលរួមជាច្រើន អ្នកត្រូវតែនិយាយឲ្យបានច្បាស់ ដោយមិនត្រូវញ៉ាំរបស់អ្វីនៅក្នុងមាត់របស់អ្នកឡើយ ។
4. កែតម្រូវនូវសម្ដីរបស់អ្នកទៅតាមស្ថានភាពនៃអ្នកចូលរួម ៖ អ្នកត្រូវតែដឹងឲ្យបានច្បាស់ថា អ្នកចូលរួមស្ដាប់ការនិយាយរបស់អ្នកជានរណា? មានកម្រិតវប្បធម៌បែបណា? មានឋានៈតួនាទីជាអ្វី? តើសម្ដីដែលអ្នកត្រូវនិយាយជាមួយបុគ្គលដែលឋានៈខ្ពស់ អ្នកត្រូវប្រើប្រាស់នូវសម្ដីបែបណា? មានព្រះសង្ឃចូលរួមអ្នកត្រូវប្រើប្រាស់ភាសាបែបណា ? អ្នកចូលរួមរបស់អ្នកជាបុគ្គលដែលមាន ចំណេះដឹងទាបជាង ជាបុគ្គលដែលមានវ័យទាបជាងអ្នក តើអ្នកត្រូវប្រើប្រាស់នូវសម្ដីបែបណា ?
5. កុំប្រើប្រាស់សំឡេងរបស់អ្នកនិយាយតែមួយបែប ៖ ការប្រើប្រាស់សំឡេងវាពិតជាមានសារៈសំខាន់ណាស់ អ្នកត្រូវចេះធ្វើការលើកដាក់សំឡេងរបស់អ្នកទៅតាមស្ថានភាព កាលៈទេសៈ និងពេលវេលាដោយផ្អែកទៅលើស្ថានភាព និងអារម្មណ៍របស់អ្នកចូលរួម ។ អ្នកត្រូវចេះវិធីសាស្ត្រពញ្ញាក់អារម្មណ៍ដល់អ្នកចូលរួមរបស់អ្នក ឲ្យពួកគេមានការចាប់អារម្មណ៍ចំពោះប្រធានបទដែលអ្នកកំពុងតែ និយាយ ។
6.មិនធ្វើការគាំទ្រ ៖ នៅពេលដែលអ្នកចូលរួមរបស់អ្នកប្រព្រឹត្តនូវសកម្មភាព ឬ សម្ដីដែលមិនមានភាពសមរម្យ ក្នុងគោលបំណងចង់ធ្វើឲ្យមានភាពវឹកវរនៅក្នុងកម្មវិធីអធិប្បាយ របស់អ្នក អ្នកមិនត្រូវទទួលយកនូវទង្វើនោះទេ តែអ្នកត្រូវធ្វើការសម្របសម្រួលដោយសន្តិវិធី។
7. និយាយឲ្យបានឮ ៖ អ្នកចូលរួមរបស់អ្នកនឹងអាចស្ដាប់ឮនូវអ្វីដែលអ្នកបាន អត្ថាធិប្បាយប្រសិនបើអ្នកនិយាយបានឮ និងច្បាស់ល្អបើទោះបីជាពួកគេអង្គុយនៅកន្លែងដែលមានសភាពអ៊ូអរ ក៏ដោយ ។
8. មានភាពស្មោះត្រង់ត្រូវនិយាយអំពីអ្វីដែលមានភាពវិជ្ជមាននិងត្រឹមត្រូវ ៖ អ្នកគួរតែរៀននិយាយពីអ្វីដែលត្រឹមត្រូវ ផ្អែកលើការពិតជាក់ស្ដែង និយាយពីអ្វីដែលជះផលជាវិជ្ជមាន មិននាំរឿងគេ កុំសូវនិយាយពីចំណុចអាក្រក់ៗរបស់គេពេក គួរតែលើកចំណុចកែលម្អទើបប្រសើរជាង។
9. ត្រូវមានភាពគួរសម ៖ អ្នកត្រូវមានភាពគួរសមចំពោះការនិយាយស្តី គោរពអ្នកចូលរួមរបស់អ្នក បើទោះបីជាអ្នកនោះមានកម្រិតការយល់ដឹង និង វ័យទាបជាងយើងក៏ដោយ ។ ភាសារបស់អ្នកត្រូវប្រាកដថាវាជាភាសាដែលមិនបង្កឲ្យមានភាព មិនល្អ ចំពោះការអត្ថាធិប្បាយរបស់អ្នកឡើយ ។មានន័យថាភាសាដែលអ្នកនិយាយទៅគឺជាភាសាបែបអ្នកមានគំនិត ប្រាជ្ញា ជាបុគ្គលដែលមានការយល់ដឹងខ្ពស់ជាបុគ្គលដែលមានក្រមសីលធម៌ល្អ។
10. ប្រើប្រាស់ដៃរបស់អ្នក ៖ ការប្រើប្រាស់កាយវិការរបស់អ្នកត្រូវសមស្របជាមួយនូវសម្ដីរបស់អ្នក ពេលខ្លះអ្វីដែលអ្នកនិយាយគេមានការពិបាកយល់ ប៉ុន្តែបើអ្នកពូកែប្រើប្រាស់នូវកាយវិការ គេអាចមានការងាយយល់ជាង ។
11. ចេះនិយាយអំពីរឿងកំប្លែងឬពាក្យកំប្លែង ៖ នៅពេលដែលអ្នកគិតតែពីនិយាយដោយមិនមានការលាយឡំនូវ ឧទាហរណ៍ ឬមិនបានលើករឿងរ៉ាវណាមួយមកបញ្ជាក់ពេលនោះ អ្នកចូលរួមរបស់អ្នកប្រាកដជាមានអារម្មណ៍ធុញទ្រាន់ជាក់ជាមិនខាន ដូច្នេះ អ្នកត្រូវចេះរកនឹករឿងកំប្លែងដើម្បីធ្វើឲ្យមានបរិយាកាសរឹតតែ រីករាយឡើង៕
__________________
រៀបរៀងដោយ : ស៊ុំ គឹមស៊ីញ (http://success.com.kh)
មតិអាក្បាលធំ :
ត្រូវហើយការនិយាយវាមិនមែនជារឿងងាយស្រួលនោះឡើង
មានពេលខ្លះយើងនិយាយចេញមកខុសនឹងអត្ថន័យដែលយើងចង់បង្ហាញគេ
អាចធ្វើឲ្យគេយល់ច្រឡំ។ ខ្ញុំតែងតែនិយាយ
ឬបញ្ចេញមតិនាំគេឲ្យគេក្ដៅក្រហាយ :D
មិនដឹងថាវាអាក្រក់ប៉ុណ្ណានោះទេដែលចូលចិត្តនិយាយថាឲ្យគេ
តែយ៉ាងហោចណាស់ក៏វាមិនមានអ្វីប៉ះពាល់ធំដុំអីទេ៕
No comments:
Post a Comment