1. មានទំនួលខុសត្រូវ និងសកម្ម ៖ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការសិក្សារបស់ខ្លួនទាំង ក្នុងថ្នាក់ និងក្រៅថ្នាក់។ អ្នកគប្បីមានស្មារតីភ្ញាក់រឭកសិក្សាដោយធ្វើខ្លួនឯង និងចូលរួមសកម្មភាពក្នុងថ្នាក់ជានិច្ច។
2. មានគោលដៅក្នុងការសិក្សាច្បាស់លាស់ ៖ ការកំណត់គោលដៅច្បាស់លាស់ថាតើលោកអ្នកចង់ធ្វើអ្វី វាសមនឹងសមត្ថភាពដែរឬទេ? វានឹងជួយឲ្យលោកអ្នកមានឆន្ទៈមុតមាំ មានគំនិតវិជ្ជមាន និងតស៊ូក្នុងការសិក្សា។
3. ត្រូវហ៊ានសួរ ៖ ការសិក្សាចៀសមិនផុតឡើយ ក្នុងការសួរ ព្រោះថាចម្ងល់គឺជាកូនសោនៃចំណេះដឹង។ ប្រសិនបើលោកអ្នកមិនច្បាស់លាស់ក្នុងចំណុចណា ឬមេរៀនណាមួយ ចូរក្លាហានសួរ គ្រូ ឬមិត្តភ័ក្ដិរបស់អ្នក។
4. សិក្សាជាក្រុមជាមួយគ្រូរបស់អ្នក ៖ បើទោះបីជាអ្នកជាសិស្សនៅក្នុងថ្នាក់ដែលត្រូវរៀន ឬទទួលមេរៀនពីគ្រូរបស់អ្នកក៏ដោយ ប៉ុន្តែអ្នកគួរតែចូលរួមបញ្ចេញមតិ ហើយទទួលយកនូវគំនិតយោបល់ពីគ្រូ និងមិត្តរួមថ្នាក់។
5. កុំអង្គុយខាងក្រោយ ៖ ចូរកុំខ្លាចគ្រូហៅ ឈ្មោះឲ្យឆ្លើយមេរៀន ឬអង្គុយក្រោយស្រួលគេចមុខ ឬលេងសើចអ្វីៗ។ បើអ្នកអង្គុយមុខ អ្នកងាយនឹងមានការសន្ទនាច្រើនជាមួយគ្រូ ហើយស្ដាប់បានច្បាស់នូវអ្វីដែលគ្រូនិយាយ។
6. កត់ចំណាំឲ្យបានល្អ ៖ ការកត់ចំណាំក្នុងពេលសិក្សានូវចំណុចសំខាន់ៗ គឺជារឿងសំខាន់បំផុត ដែលអ្នកមិនអាចខ្វះបានជាដាច់ខាត។ អ្នកគួរកត់ឲ្យបានល្អតាមលំដាប់ទោះបីអ្នកឆ្លាតក៏ដោយ ព្រោះវាអាចនឹងភ្លេចទៅវិញ។
7. ស្វែងយល់ពីអ្វីដែលអាចប៉ះពាល់ដល់ការសិក្សា ៖ ចូរចៀសវាងនូវអ្វីដែលនាំឲ្យប៉ះពាល់ដល់បរិយាកាសនៃការសិក្សា ពេលវេលាសិក្សា ឬអារម្មណ៍សិក្សា។ ចូរព្យាយាមធ្វើឲ្យអារម្មណ៍របស់អ្នករីករាយស្រស់ស្រាយ។
8. និយាយអំពីអ្វីដែលអ្នកកំពុងសិក្សា ៖ អ្នកគប្បីឧស្សាហ៍ពិភាក្សាជាមួយគ្រូ មិត្តភ័ក្ដិ អ្នកដទៃ អានកាសែត ទស្សនាវដ្ដី សៀវភៅ អត្ថបទនានា ឬមើលទូរទស្សន៍ពីអ្វីដែលពាក់ព័ន្ធនឹងមេរៀនដែលកំពុងរៀន។
9. មិនត្រូវសម្រុករៀនក្នុងពេលប្រឡង ៖ អ្នកគប្បីរៀនមេរៀនឲ្យបានគ្រប់ជ្រុងជ្រោយសម្រាប់ប្រឡង។ អ្នកមិនគួររង់ចាំដល់ពេលប្រឡង ទើបស្រវេស្រវាមើលមេរៀន ឬសម្រុករៀនក្នុងពេលតែមួយម៉ោង ឬក៏មួយយប់ឡើយ។
10. គ្រប់គ្រងពេលវេលាឲ្យបានល្អ ៖ មនុស្សឆ្លាតពិត មិនមែនឆ្លាតត្រឹមតែការសិក្សានោះទេ តែគឺឆ្លាតក្នុងការចាត់ចែងពេលវេលាឲ្យបានល្អ។ អ្នកត្រូវច្បាស់ថា ពេលណាគួររៀនអ្វី និងពេលណាគួរធ្វើអ្វី និងពេលណាគួរគេង៕
___________________
អត្ថបទពី : ប្លកជ្រុងមួយ
មតិអាក្បាលធំ :
ចំពោះការសិក្សានៅតាមមហាវិទ្យាល័យ ខ្ញុំមិនធ្លាប់ឆ្លងកាត់ទេ
តែខ្ញុំយល់ឃើញថា ការសិក្សាជាក្រុម
គឺជាវិធីល្អបំផុតជាងការសិក្សាជាថ្នាក់
ព្រោះអ្នកទាំងនោះមិនប្រាកដជាមានចិត្តដូចគ្នាទេ
ដូច្នេះយើងត្រូវតែស្វែងរកអ្នកដែលមានទឹកចិត្ត
និងទេពកោសល្យប្រហាក់ប្រហែលគ្នាដើម្បីបង្កើតជាក្រុមសិក្សាមួយ
ផ្ដោតសំខាន់ស្រាវជ្រាវលើប្រធានបទអ្វីមួយ ទុកជាស្នាដៃ
ឬរបកគំហើញសម្រាប់ខ្លួនឯង និងអ្នកជំនាន់ក្រោមនៃប្រទេសជាតិយើង៕
No comments:
Post a Comment