អត្ថបទផ្សេងទៀតៈ

Saturday, October 5, 2013

របៀប​ប្រើ​មុខងារ​ Windows 7 System Image Backup នៅ​ក្នុង Windows 8

ប្រភពៈ អាក្បាលធំ

មុខងារ System Image Backup មាន​ចាប់តាំង​ពី​ជំនាន់ WIndows 7 មក​, កាលពី​​មិនទាន់​មាន​មុខងារ​នេះ​​នៅ​លើ Windows គឺ​គេ​ប្រើ​កម្មវិធី​ដូចជា Norton Ghost ដាក់​ឲ្យ​វា Boot តាម CD ឬ​ក៏​ដំឡើង​ក្នុង Windows ក៏​បាន ដើម្បី​បម្រុងទុក (backup) ថាស​ទិន្នន័យ​ (ទាំង​មូល) ​ណាមួយ​ជាពិសេស​គឺ​ Drive C ដែល​ជា​ទូទៅ​អ្នក​ប្រើ​គេ​ដំឡើង Windows នៅ Drive នោះ (Drive​ C)។

ដោយ​ឃើញ​ថា​មុខងារ​ System Image Backup មាន​ប្រយោជន៍​ក្រៃលែង ដូច្នេះ Microsoft ក៏​បញ្ចូល​មុខងារ​នេះ​ឲ្យ​មាន​មក​​ស្រាប់​​នៅ​ជំនាន់ Windows 7, ហើយ​​បើ​ទោះ​ជា​ជំនាន់ Windows 8 ​មាន​មុខងារ Restore ថ្មី​ផ្សេង​ក៏​ដោយ ក៏​យើង​នៅ​​តែ​ឃើញ​​មុខងារ System Image Backup មក​ផង​ដែរ ដោយ​បាន​​រក្សា​ឈ្មោះ​ថា Windows 7 File Recovery ឈ្មោះ​បែប​នេះ​គឺ​ចង់​បញ្ជាក់​ថា​នេះ​ជា System Image Backup ដែល​នាំ​យក​ពី Windows 7 សុទ្ធសាធ​ កុំ​ឲ្យ​ច្រឡំ​ជាមួយ​លក្ខណៈ Restore ថ្មី​របស់ Windows 8 ។
System Image Backup គឺ​មាន​តួនាទី Backup និង Restore Drive ឡើង​វិញ​ឲ្យ​​ដូចដើម​នូវ​​ថាស​ទិន្នន័យ​ណាមួយ ឧទាហរណ៍ Drive C, D, E... ឲ្យ​ដូច​ការ​ពី​​ដំណាក់កាល​​រៀបចំ Backup។ មុខងារ​នេះ​គេ​បង្កើត​ឡើង​មិនសូវ​ផ្ដោត​លើ​ការ​បម្រុង​ទុក​ឯកសារ​ទេ!!!! គឺ​គេ​​ប្រើ​វា​ដើម្បី Restore Drive ដែល​មាន​ដំឡើង Windows ក្នុង​គោល​បំណង​មក​ចង់​ដំឡើង Windows សាឡើងវិញ ជួយ​កាត់​បន្ថយ​ពេល​វេលា និង​ងាយស្រួល​មិន​ចំបាច់​ដំឡើង​ Font ឬ កម្មវិធី ​ដែល​យើង​ចូលចិត្ត​បាន​ផង​ដែរ។ បើ​គិត​ពី​រយៈពេល​ដែល​យើង Restore Drive C ធៀប​ជាមួយ​ការ​ដំឡើង Windows តាម DVD ឬ USB Flash នោះ​ ឃើញ​ថា​អាច​ខុស​គ្នា 1 ភាគ​ 3 នៃ​ល្បឿន នេះ​មិន​រាប់​គិត​ពេល​យើង​ត្រូវ​បញ្ចូល Driver, Fonts និង កម្មវិធី​ផ្សេងៗ​ទៀត​ទេ។​​

នៅ​ក្នុង Windows 8 មាន​នូវ System ថ្មី​មួយ​គឺ File History Backup ដែល​ជំនួស​ទៅ​ដោយ Windows 7 System Image Backup។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ, Windows 8 នៅ​តែ​មាន​នូវ Windows 7 System Image Backup ដែល​ជា tools ដ៏​មាន​ប្រយោជន៍​សម្រាប់​បង្កើត​នូវ Full System image backups។


៙ ការ​បង្កើត​នូវ Full System Backup (System Image Backup) ៖

   ដើម្បី Access ចូល​ទៅ​ក្នុង Windows 7 Backup tools, មុនដំបូង​យើង​ត្រូវ​ចុច Windows Key + W រួច​វាយ​ពាក្យ File recovery ។ ពេលនោះ​យើង​នឹង​​ឃើញ​នូវ​ពាក្យ​ថា Windows 7 File Recovery នៅ​ខាង​ឆ្វេង​ដៃ ឬ​ក៏​ចូល​ទៅ​ក្នុង Control Panel ក៏​បាន។

យើង​ត្រូវ​ចុច​លើ​វា ពេលនោះ​ផ្ទាំង Windows 7 File Recovery នឹង​លោត​ចេញ​មក, ចុច​លើ​ពាក្យ Create a system image ដូច​រូប៖

បន្ទាប់មក​យើង​ត្រូវ​ជ្រើសរើស​នូវ​ទី​កន្លែង​សម្រាប់​ផ្ទុក System image ដែល​យើង​បាន Backup នោះ, យើង​អាច​ផ្ទុក​វា​នូវ​លើ Hard Disk, នៅ​លើ DVDs ឬក៏​នៅ​លើ​ទីតាំង​ណា​មួយ​នៅ​លើ Network។

៙ ការ Restore នូវ Full System Backup ៖

តើ​ពេល​ណា​ទើប​យើង Restore វា​វិញ? បើ​តាម​ទម្លាប់​ខ្ញុំ ខ្ញុំ​តែងតែ Restore វា​តរយៈពេល 2 ខែ​ម្ដង ព្រោះ​ឲ្យ​តែ​ចូល​ដល់​រយៈ​ពេល​ហ្នឹង​គឺ​កុំព្យូទ័រ​ខ្ញុំ​ហាក់ដូចជា​ដើរ​យឺត ជាពិសេស​កុំព្យូទ័រ​ដែល​មាន​ភ្ជាប់​អ៊ីនធឺណិត ការពារ​ខ្លាច​មេរោគ​ពួន​ក្នុង​ Drive C។ ដើម្បី Restore Full System Backup, ដំបូង​យើង​ត្រូវ​ចុច Windows Key + C, ហើយ​ចុច Setting រួច Select Change PC settings

បន្ទាប់មក​ជ្រើសរើស​យក General ហើយ​អូស​ចុះក្រោម​រហូត​ដល់​ឃើញ Advanced startup option, ហើយ​ចុច​ប៊ូតុង Restart now ដើម្បី​ចូល​ទៅ​ក្នុង Advanced startup options menu

ពេល​ចូល​ទៅ​ដល់​ផ្ទាំង Advanced Option, ជ្រើសរើស​យក Troubleshoot > Advanced Options > System Image Recovery. ពេលនោះ​យើង​នឹង​អាច​ជ្រើសរើស​នូវ System image ដើម្បី Restore Backup របស់​យើង​បាន​ហើយ។ នៅ​ទី​បញ្ចប់​យើង​ប្រាកដ​ជា​អាច​ប្រើ​ ​ Windows 7 Backup Tools នៅ​ក្នុង Windows 8 បាន​យ៉ាង​ងាយ​ស្រួល៕ 

   ការ​ធ្វើ System Image Backup គឺ​ជា​កិច្ចការ​ទី 3 ដែល​យើង​ត្រូវ​តែ​ធ្វើ លើក​លែង​តែ​អ្នក​មិន​ដឹង​ទើប​គេ​មិន​ធ្វើ តែ​បើ​ដឹង​ដូច​ខ្ញុំ​ឬ​ខ្មែរ​យើង​មួយ​ចំនួន​នោះ ប្រាកដ​ជា​មិន​ចោល​ជា​ដាច់​ខាត។ កិច្ចការ​ដែល​អ្នក​ប្រើ​កុំព្យូទ័រ​តែងតែ​ធ្វើ​​​គឺ ៖
  1. ដំឡើង Windows ថ្មី តាម DVD ឬ USB Flash។
  2. បញ្ចូល Fonts, Driver និង កម្មវិធី​មួយ​ចំនួន​ដែល​ត្រូវ​ប្រើ​ដូចជា Office ជាដើម។
  3. របៀប​ចំ​បង្កើត System Image Backup ដើម្បី​បង្ការ​ងាយស្រួល​មិន​ចាំ​បាច់​​ដំឡើង Windows តាម DVD ឬ USB Flash ទេ ឬពេល​កុំព្យូទ័រ​ឆ្លង​មេរោគ ឬ ដើរ​យឺត​ជាង​មុខ​ជាដើម។
   ដោយ​គ្រាន់តែ​ចំណាយ​ពេល​មិន​ដល់ 15 នាទី​ផង Drive C នឹង​ត្រឡប់​ទៅ​កាន់​ភាព​ដើម​វិញ និង​មិន​ចាំបាច់​ដំឡើង Fonts និង កម្មវិធី​ដដែល នាំ​តែ​ខាត​ពេល​នោះ​ទេ, ចង់​ដឹង​ថា​ស្រួល​ប៉ុណ្ណា​សាក​ដោយ​ខ្លួន​ឯង​ចុះ៕ :D
____________________________________________
ប្រភព​ពី : ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង How to Geek

អត្ថបទ​ទាក់ទង ៖

- បម្រុងទុក​ប្រព័ន្ធ Windows 8 ពេញលេញ​រួម​ជាមួយ​កម្មវិធី ឯកសារ និង​ការកំណត់
- 170 ពាក្យ​បញ្ជារបស់​ប្រអប់ Run នៃ Windows
- Start Menu Reviver ជា​ម៉ឺនុយ​ចាប់ផ្ដើម​សម្រាប់ Windows 8 ដែល​ពិសេស​និង​ងាយស្រួល​ដល់​អេក្រង់​​ប៉ះបញ្ជា
- ចង់​បាន Skin Pack សម្រាប់​ដូរ​រូបរាង Windows 7 ដែរ​ទេ?
- បន្ថែម Copy To / Move To ទៅក្នុង Right-Click Menu
- របៀប​បិទ​បើក Write-protect របស់ USB Flash
- របៀប​ធ្វើ​អោយ Windows 7 បង្ហាញ​អក្សរ​ខ្មែរ​បាន​ត្រឹមត្រូវ

No comments:

Post a Comment